សារព័ត៌មាន

សេចក្តីជូនដំណឹងអំពី នីតិវិធីថ្មីនៃការទទួល និងដោះស្រាយសំណងធានារ៉ាប់រង

ជូនចំពោះម្ចាស់បណ្ណសន្យារ៉ាប់រងជាទីគោរព!

យោងតាមគោលការណ៍ណែនាំស្តីពីការទទួលនិងដោះស្រាយសំណងធានារ៉ាប់រង ដែលបានចេញផ្សាយដោយនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក) នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ អុិនសួរេន ម.ក សូមធ្វើការបញ្ជាក់អះអាងទៅលើនីតិវិធីនៃការទទួល និងដោះស្រាយសំណងធានារ៉ាប់រងថ្មី ដែលអនុលោមតាមគោលការណ៍ណែនាំខាងលើដូចមានចែងនៅក្នុង ឯកសារវិសោធនកម្មទៅលើបណ្ណសន្យារ៉ាប់រង ដូចខាងក្រោម។

ប្រសិនបើលោកអ្នកមានចម្ងល់ ឬត្រូវការសាកសួរបន្ថែម សូមទាក់ទងមកលេខទូរស័ព្ទ ១៨០០ ២០២ ២០២ (ដោយឥតគិតថ្លៃ)។

ឯកសារវិសោធនកម្មទៅលើបណ្ណសន្យារ៉ាប់រងនៃផលិតផលមូលដ្ឋាន
និង/ឬ បណ្ណសន្យារ៉ាប់រងបន្ថែមនៃផលិតផលបន្ថែមដែលភ្ជាប់នឹងផលិតផលមូលដ្ឋាន

យោងតាមគោលការណ៍ណែនាំស្តីពី “ការទទួល និងដោះស្រាយសំណងធានារ៉ាប់រង” ខាងលើ និងក្នុងគោលបំណងលើកកម្ពស់ទំនុកចិត្តរបស់អតិថិជន ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ សូមធ្វើការកែប្រែទៅលើ “នីតិវិធីនៃការទទួល និងដោះស្រាយសំណងធានារ៉ាប់រង” សម្រាប់អតិថិជនទាំងអស់ដែលបានទិញបណ្ណសន្យារ៉ាប់រងពីក្រុមហ៊ុនយើងខ្ញុំ។ នីតិវិធីថ្មីនេះនឹងមានសុពលភាពចាប់ពីថ្ងៃទី ១៦ មករា ឆ្នាំ ២០២៣ តទៅ និងត្រូវបានអនុវត្តជំនួសឲ្យនីតិវិធីចាស់ដែលបានបកស្រាយនៅក្នុងបណ្ណសន្យារ៉ាប់រង និង/ឬ បណ្ណសន្យារ៉ាប់រងបន្ថែមដែលភ្ជាប់នឹងផលិតផលមូលដ្ឋាន។ រាល់ ខ និង លក្ខខណ្ឌផ្សេងៗទៀត ដែលមិនត្រូវបានកែប្រែដោយនីតិវិធីថ្មីនេះ នឹងត្រូវមានសុពលភាពអនុវត្តដដែល។ នីតិវិធីថ្មីនៃការទទួល និង ដោះស្រាយសំណងធានារ៉ាប់រង មានខ្លឹមសារដូចខាងក្រោម៖

១. ការជូនដំណឹងអំពីមរណភាព ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ឬការរកឃើញថាមានជំងឺធ្ងន់ធ្ងរដែលឋិតនៅក្រោមការធានារ៉ាប់រងរបស់កិច្ចសន្យាធានារ៉ាប់រង៖

អ្នកត្រូវបានធានារ៉ាប់រង ឬ អ្នកទទួលផលត្រូវជូនដំណឹងជាបន្ទាន់មកក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ក្នុងករណីជួបហេតុការណ៍ខាងលើ តាម   រយៈមធ្យោបាយដូចខាងក្រោម៖

       ក. ជូនដំណឹងដោយផ្ទាល់

       ខ. ទំនាក់ទំនងតាមទូរស័ព្ទ

       គ. ផ្ញើសារតាមប្រព័ន្ធអេឡិចត្រូនិក

       ឃ. លិខិតជាលាយលក្ខណ៍អក្សរ។

ក្រោយពីទទួលបានការជូនដំណឹងអំពីហេតុការណ៍ណាមួយខាងលើ ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ នឹងឆ្លើយតបទៅកាន់អ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល ដើម្បីបញ្ជាក់ពីការទទួលបាននូវការជូនដំណឹងអំពីហេតុការណ៍ខាងលើក្នុងរយៈពេលយ៉ាងយូរ ២៤ (ម្ភៃបួន) ម៉ោង បន្ទាប់ពីទទួលបានការជូនដំណឹង។​

២. ការស្នើសុំទាមទារសំណងធានារ៉ាប់រង

ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ នឹងផ្តល់ពាក្យស្នើសុំទាមទារសំណងធានារ៉ាប់រង និងបញ្ជីឯកសារតម្រូវតាមទម្រង់របស់ក្រុមហ៊ុន ជូនអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល (អ្នកទាមទារសំណងធានារ៉ាប់រង) ដែលទទួលរងការបាត់បង់ ឬការខូចខាតស្របតាមកិច្ចសន្យាធានារ៉ាប់រងក្នុងរយៈពេលយ៉ាងយូរ ២៤ (ម្ភៃបួន) ម៉ោង បន្ទាប់ពីទទួលបានការជូនដំណឹងខាងលើ។

ករណីនេះដែរ ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ នឹងពន្យល់អ្នកទាមទារសំណងធានារ៉ាប់រង ពីរបៀបបំពេញពាក្យស្នើសុំទាមទារសំណងធានារ៉ាប់រង និងការរៀបចំឯកសារពាក់ព័ន្ធ។

ក្នុងករណីដែលការស្នើសុំទាមទារសំណងធានារ៉ាប់រង មិនមានឯកសារគ្រប់គ្រាន់ ឬការបំពេញពាក្យស្នើសុំទាមទារសំណងធានារ៉ាប់រងមិនបានត្រឹមត្រូវ ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ នឹងជូនដំណឹងជាលាយលក្ខណ៍អក្សរ ឬតាមរយៈសារអេឡិចត្រូនិកដោយបញ្ជាក់អំពីចំណុចខ្វះខាតដល់អ្នកទាមទារសំណងធានារ៉ាប់រងក្នុងរយៈពេលយ៉ាងយូរ ៣ (បី) ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីកាលបរិច្ឆេទដែលក្រុមហ៊ុនទទួលបានការស្នើសុំទាមទារសំណងធានារ៉ាប់រង។

៣. រយៈពេលនៃការដោះស្រាយសំណងធានារ៉ាប់រងជូនអតិថិជន៖

នៅពេលមានសំណើសុំទាមទារសំណងធានារ៉ាប់រងកើតឡើង ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ នឹងឆ្លើយតបទៅកាន់អ្នកទាមទារសំណងធានារ៉ាប់រង អំពីការបដិសេធ ឬការសម្រេចផ្តល់សំណងធានារ៉ាប់រងជាលាយលក្ខណ៍អក្សរក្នុងរយៈពេលយ៉ាងយូរ ១៥ (ដប់ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីក្រុមហ៊ុនបានទទួលពាក្យស្នើសុំទាមទារសំណងធានារ៉ាប់រងពេញលេញ ព្រមទាំងឯកសារតម្រូវដែលពាក់ព័ន្ធផ្សេងៗគ្រប់គ្រាន់ ឬបន្ទាប់ពីទទួលបានភស្តុតាងគ្រប់គ្រាន់ដែលអាចទុកចិត្តបាន សម្រាប់បញ្ជាក់ថាការទាមទារសំណង ពិតជាមានលក្ខណៈត្រឹមត្រូវ។ ភស្តុតាងគ្រប់គ្រាន់សម្រាប់ការសម្រេចចិត្តទៅលើការទាមទារសំណង គឺសំដៅលើការបញ្ចប់នៃដំណើរការនៃការវាយតម្លៃការទាមទារសំណងនោះ។

. ការទូទាត់​សំណងធានារ៉ាប់រង៖

ការទូទាត់ប្រាក់សំណងធានារ៉ាប់រងជូនអ្នកទាមទារសំណងធានារ៉ាប់រង នឹងធ្វើឡើងតាមរយៈមូលប្បទានបត្រ ការផ្ទេរប្រាក់តាមធនាគារ ឬដោយវិធីសាស្រ្តសមស្របណាមួយផ្សេងទៀត ក្នុងរយៈពេល ៣ (បី) ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីអ្នកទាមទារសំណងធានារ៉ាប់រងឯកភាពទទួលយកសំណងធានារ៉ាប់រង។

យើងរីករាយនឹងជួយលោកអ្នកជ្រើសរើសគម្រោងសន្សំដែលសមស្របសម្រាប់លោកអ្នក។
សូមទំនាក់ទំនងមកយើងខ្ញុំដើម្បីចាប់ផ្តើមការសន្សំ និងការការពារអនាគតរបស់លោកអ្នក។